អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញពិនិត្យទីតាំងរៀបចំសម្រាប់ចាក់វ៉ាក់សាំងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីត្រៀមជាស្រេចការចាក់វ៉ាក់សាំងជូនអាជីវករលក់ដូរ នៅផ្សាររុងក្លឿ
ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២១
នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំអាជ្ញាធរក្រុង មន្ត្រីសុខាភិបាល កម្លាំងពាក់ព័ន្ធ ពិនិត្យមើល និងរៀបចំទីតាំង នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីត្រៀមជាស្រេចការចាក់វ៉ាក់សាំងជូនបងប្អូនអាជីវករលក់ដូរ នៅផ្សាររុងក្លឿ ខេត្តស្រះកែវ ប្រទេសថៃ ដែលនឹងចាក់ជូននាពេលឆាប់ខាងមុខនេះ។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងសូមទៅចូលរួមចាក់វ៉ាក់សាំង ដើម្បីការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់គ្នា តាមការរៀបចំរបស់អាជ្ញាធរដែនដី និងក្រុមការងារ។
ជាមួយគ្នានេះ ឯកឧត្តមបានបន្តថា សូមបងប្អូនមានការយោគយល់ ដោយសារកន្លែងខ្លះប្រឈមខ្ពស់ បានចាក់មុនកន្លែងខ្លះស្រុកខ្លះយឺតយ៉ាវតែអាជ្ញាធរដែនដី ក្រុមការងារ នឹងបន្តចាក់ជូនឲ្យបានគ្រប់គ្នា តាមកម្មវិធីនិងផែនការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល៕