ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២១
លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួមសហការី បានអញ្ជើញ ចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ កងកម្លាំង ដែលឈរជើង បិទខ្ទប់ នៅតាមព្រំប្រទល់ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២១នេះ។ ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ រួមមាន គ្រឿងឧបភោគ បរិភោគ អង្ករ ម៉ាស ស្រោមដៃ នំបុ័ង ទឹកសុទ្ធ ទឹកត្រី ទឹកសុីអុីវ មី ត្រីខ និងសម្ភារះប្រើប្រាស់ ម៉ាស់ របាំងមុខ ចែកជូនកងកម្លាំងបិទខ្ទប់ផងដែរ។ ការបិតខ្ទប់ខេត្តនេះគឺអនុវត្តន៍តាម គោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តាមសេចក្តីសម្រេច លេខ ៨២ សសរ ស្តីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទីយប់ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ដែលបណ្តាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្តាំផ្ញើរដល់កង់កម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួនឲ្យបានខ្ពស់ អំឡុងពេលបំពេញបេសកកម្មនឹងអនុវត្តឱ្យបាននូវវិធានការសុខាភិបាលគឺកុំភ្លេច ៣កុំ ៣ការពារ៕ kh