សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ពង្រីក និងលើកគុណភាព កំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ទៅក្រុងកំពង់ចាម

 ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣

(​កំពង់ចាម​) ៖​នៅ​ព្រឹក ថ្ងៃ​ចន្ទ ៣​រោច ខែ​បុស្ស ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម វ៉ាង វិន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ធ្វើ​ជា​សហ​ធិបតី​នៅក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ពង្រីក និង​លើ​កម្រិត​គុណភាព​កំណត់​ផ្លូវជាតិ​លេខ​៧ ចាប់​ពី​រង្វល់​មូល​ស្គន់ ទីរួមស្រុក​ជើងព្រៃ រហូត​ដល់​ទី​រួម​ខេត្ត​កំពង់ចាម​។​ ​ តាម​របាយការណ៍​ពី​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានឲ្យដឹងថា គម្រោង​ពង្រីក និង​លើក​កម្រិត​គុណភាព​កំណាត់​ផ្លូវជាតិ​លេខ​៧​នេះ មាន​ប្រវែង​សរុប​ជាង ៤៥​គីឡូម៉ែត្រ ចាប់​ពី​រង្វង់​មូល​ស្គន់ ទីរួមស្រុក​ជើងព្រៃ ទៅដល់​រង្វង់​មូល​គល់ស្ពាន​គី​ហ្សូ​ណា ក្រុង​កំពង់ចាម នឹង​ត្រូវ​ស្ថាបនា​ជា​ប្រភេទ​ផ្លូវ ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់ ៩​សង់ទីម៉ែត្រ និង​ពង្រីក​ទទឹង​តួ​ផ្លូវ​ពី ២​គន្លង ទៅ ៤​គន្លង ដោយ​គន្លង​នីមួយៗ​មាន​ប្រវែង ៣.៧៥​ម៉ែត្រ និង​សួន​ពុះ​ទ្រូងផ្លូវ ១.៥​ម៉ែត្រ​។ គម្រោង​នេះ នឹង​រួមបញ្ចូល​ការ សាងសង់​ស្ពាន​ថ្មី ចំនួន ១​កន្លែង ប្រវែង ៤០​ម៉ែត្រ មាន​ទទឹង ២៤​ម៉ែត្រ ស្ពាន​ថ្មី​ចំនួន ៦​កន្លែង​ផ្សេង​ទៀត ប្រវែង​សរុប ១០៦​ម៉ែត្រ មាន​ទទឹង ១២​ម៉ែត្រ និង​ពង្រីក​បន្ថែម​ស្ពាន​ចាស់ ដែល​មាន​ស្រាប់​ចំនួន ១​កន្លែង ទទឹង ១០.៥​ម៉ែត្រ​ដាក់លូ​គ្រប់​ប្រភេទ​ចំនួន ៣៣០​កន្លែង បំពាក់​កាមេរ៉ា ត្រួតពិនិត្យ ល្បឿន​រថយន្ត ២​កន្លែង បំពាក់​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​វៃឆ្លាត និង​ត្រួតពិនិត្យ​ដោយ​ស្វ័យ ប្រវត្តិ (AI and Weigh-in-Motion) ចំនួន ២​កន្លែង និង​បំពាក់​ស្លាក សញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និង​បង្គោល សុវត្ថិភាព​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ផ្លូវថ្នល់​។ គម្រោង​នេះ នឹង​ត្រូវ​អនុវត្ដ​ការសាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន​(CRBC) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា បច្ចេកទេស​ក្វាង​ចូ​វ​វ៉ាន​អាន ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ៤០​ខែ នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០២៦ គ្រោង​ចំណាយ​ថវិកា​សរុប​ជាង ១១៧​លាន​ដុល្លារ​អាមេរិក ដែល​ជា​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន រួមជាមួយ​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​គ្រាប់មីន យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ និង​ពន្ធអាករ​ផ្សេងៗ​។​ ​ ឯកឧត្តម វ៉ាង វិន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​អបអរសាទរ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម​ក៏​ដូចជា​អបអរសាទរ​ចំពោះ​កម្ពុជា​ដែល​ទទួល​បាន​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ជា​បន្តបន្ទាប់​។ ឯកឧត្តម​បាន​មានប្រសាសន៍ថា ចិន​នៅ​តែ​បន្ត​ជួយ​ដល់​កម្ពុជា​ជា​បន្តបន្ទាប់​ទៀត​ទៅលើ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា និង​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត​ទៅ​តាម​លទ្ធភាព​ដែល​អាច​ជួយ​ទៅ​បាន តាមរយៈ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ហើយ​តាមរយៈ​សមិទ្ធផល​កំណាត់​ផ្លូវជាតិ​លេខ ៧​នៅថ្ងៃនេះ នឹង​រួមចំណែក​ធ្វើឲ្យ​ការធ្វើដំណើ​ររបស់​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​ភាពល្អប្រសើរ​ងាយស្រួល ព្រោះ​ផ្លូវ​នេះ​ត្រូវបាន​ពង្រីក​អោយ​ធំ​ទូលាយ​ជាមុន​។​ ​ សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ ដែល​បាន​អញ្ជើញ​រួមគ្នា​ជាមួយ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​នា​ថ្ងៃនេះ និង​ដឹកជញ្ជូន​ក្នុង​ការបើក​ការដ្ឋាន​ពង្រីក និង​លើកកម្ពស់​គុណភាព​កំណាត់​ផ្លូវជាតិ​លេខ​៧ ពី​ស្គន់ ទៅ​ក្រុង​កំពង់ចាម​នា​ពេល​នេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ចុងឆ្នាំ​២០២២ និង​ដើមឆ្នាំ​២០២៣ សម្តេច និង​ឯកអគ្គរដ្ឋទូត​ចិន បាន​អញ្ជើញ​រួម​គ្នា​បើក​ការដ្ឋាន​សាងសង់​ផ្លូវ និង​ស្ពាន ចំនួន​៤​គម្រោង ដែល គម្រោង​ទាំង​៤​នោះ​រួមមាន ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​៤១, ផ្លូវជាតិ​លេខ​៣១ និង​៣៣, ស្ពាន​ឆ្លង​ទន្លេ​មេគង្គ ខេត្ត​ក្រចេះ និង​កំណាត់​ផ្លូវជាតិ​លេខ​៧ ពី​ស្គន់ ទៅ​ក្រុង​កំពង់ចាម​នា​ថ្ងៃនេះ​។​ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។ សម្តេច​តេ​ជោពិត​ជារីក​រាយ​ចំពោះ​ការ​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​ចិន ដែល​នាំឲ្យ​កម្ពុជា​ទទួលបាន​នូវ​ប្រយោជ​ន៍​យ៉ាងច្រើន​។​ ​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការរក​វ៉ាក់សាំង​បង្ការ​កូវី​ដ​១៩ មកចាក់​ជូន​ប្រជាពលរដ្ឋ​កន្លងមកនេះ បើ​មិន​ឱ្យ​កម្ពុជា​ពឹង​ចិន តើ​ឱ្យ​កម្ពុជា​ពឹង​នរណា​។​ ​ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​រំលឹកថា​១៩៩៨ មុន​ការដាក់ចេញ​នៅ​យុទ្ធសាស្ត្រ​ចតុកោណ​ក្នុង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​នោះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ត្រីកោណ ដែល​ក្នុងនោះ​រួមមាន​០៣​មុំ ទី​១​គឺ​ការធ្វើ​សន្តិភា​រូបនីកម្ម ,​ទី​២​គឺ ការធ្វើសមាហរណកម្ម​ឆាប់​បំផុត​របស់​កម្ពុជា​ទៅ​ក្នុង​សហគមន៍​អន្តរជាតិ និង​ទី​៣​គឺ ការប្រមូលផ្ដុំ​កម្លាំង​ផ្ទៃក្នុង​ដើម្បី​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឡើងវិញ​។​ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កំណាត់​ផ្លូវជាតិ​លេខ​៧​នេះ គឺជា​ការតភ្ជាប់​ដ៏​មាន​សារៈសំខាន់ មិន​ត្រឹមតែ​ក្នុង​ខេត្ត​កំពង់ចាម​ទេ តែ​មាន​ការតភ្ជាប់​ទៅកាន់​ខេត្ត​ជាច្រើន​ផ្សេង​ទៀត​ផង​ដែរ​។​ ​សម្តេច​តេជោ​បានកោតស​រសើរ​ចុះពោះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​រួមគ្នា​ឱ្យ​គម្រោង​ពង្រីក និង​លើកកម្ពស់​កម្រិត​ផ្លូវជាតិ​លេខ​៧​នាពឹលនេះ​។​ ​ ពាក់ព័ន្ធ​ទៅនឹង​សារ​នយោបាយ​នៅ​ថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​គណបក្ស​នយោបាយ ដែល​ចង់​ឈ្នះឆ្នោត​ឱ្យ​បញ្ឈប់​ការវាយប្រហារ​លើ​បក្ស​ប្រជាជន​កម្ពុជា​។ គណបក្ស​នយោបាយ​នីមួយៗ​អាច​ឃោសនា​ពី​បក្ស​របស់​ខ្លួនឯង​បាន​ហើយ កុំ​វាយប្រហារ​មក​លើ​គណបក្ស​ប្រជាជន​។ សម្តេច​តេជោក៏បាន​ដាស​តឿ​ន​ដល់​បក្ស​នយោបាយ​ប្រឆាំង​ថា បើ​នៅ​តែ​បន្ត​វាយប្រហារ​លើ​បក្ស​ប្រជាជន​កម្ពុជា នោះ​សម្តេច​នឹង​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ហើយ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា សម្តេច​នឹង​បញ្ចប់​ការនិយាយ​មូល​បង្កាច់​របស់​បក្ស​ប្រឆាំង ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ជា ចោរលួច​សន្លឹកឆ្នោត នៅ​ក្រោយពេល​បោះឆ្នោត ដោយ​ការប្រើ​យន្តការ​ច្បាប់​។ សម្តេច​តេជោក៏បាន​ឆ្លើយ​តប​នឹង​ការចោទប្រកាន់ និង​វាយប្រហារ​បក្ស​ប្រជាជន​កម្ពុជា ពី​សំណាក់​បក្សប្រឆាំង​ថា ជម្រើស​មាន​តែ​ពីរ​ទេ គឺ​វិធានការ​ច្បាប់ និង​ដំបង​។ តើ​រើស​យក​មួយ​ណា​? ។​សម្តេច​តេជោក៏បាន​ធ្វើការ​ព្រមា​ន​ចំពោះ​លោក គង់ គាំ ផងដែរ ចំពោះ​រឿង​វាយប្រហារ​មកលើ​បក្ស​ប្រជាជន​កម្ពុជា​។​ ​ មុន​នឹង​បញ្ចប់ សម្ដេច​តេជោក៏បាន​ជូន​ពរ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំងអស់​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​។ បន្ទាប់មក សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម វ៉ាង វិន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​បញ្ជា​គ្រឿងចក្រ​ជា​និមិត្តរូប បើក​ការដ្ឋាន​សាងសង់​លើ​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៧ ចាប់ពី​ពេលនេះ​តទៅ​៕ kh
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news
virakcheat news








Copyright © 2018-2020 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ,
អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ព័ត៌មានពិត សុក្រឹត ឯករាជ្យ រហ័ស
ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com,
contact@virakcheatnews.com
Tel:0768 9999 24