លោកយូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ប្រើឈ្មោះលោក គុណ ញឹម អគ្គនាយកគយ និងមេគយធំៗ មួយចំនួនមកបិទបាំង អំពើពុករលួយ របស់ខ្លួនជាច្រើនឆ្នាំ មកហើយ !!!
ថ្ងៃព្រហស្បត្តិ៍ ទី២8 ខែវីច្ឆិកា ឆ្នាំ២០១៩
ខេត្តបាត់ដំបង ៖ រឿងអាស្រូវ ពុករលួយ ច្រើនបែបច្រើន យ៉ាងរបស់ លោក យូ ហេង មេគយខេត្តបាត់ដំបង ត្រូវបានលាតត្រាដាង ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏មេគយធំៗនៅក្នុង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។
សូម្បីតែលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ ទុកឲ្យលោក យូ ហេង បង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាថែមទៀត។ ដូច្នេះហើយទើប មានសេចក្ដីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក យូ ហេង ដើម្បីកុំឲ្យលោក យូ ហេង ប្រើតួនាទីអំណាចធ្វើអ្វីៗតាមតែអំពើចិត្ត របស់ខ្លួនដូចសព្វថ្ងៃនេះ។
ថ្មីៗនេះប្រភពពីមន្ត្រីគយ និងភ្នាក់ងារគយក្នុងខេត្តបាត់ដំបង មួយចំនួនបានបង្ហើបឲ្យដឹងថា ចាប់តាំងពីលោក យូ ហេង មកកាន់តំណែងជាប្រធានសាខាគយ ខេត្តបាត់ដំបង ជំនួសលោក ឈុន សុភមង្គល រួចមកគឺលោក យូ ហេង កំពុងសាងភាពល្បីល្បាញ ខាងប្រព្រឹត្តអំពើពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពបានឲ្យដឹងទៀតថាលោក យូ ហេង កំពុងយកបទពិសោធន៍ នៃការប្រព្រឹត្តអំពើពុករលួយ កាលនៅធ្វើជាប្រធានសាខាគយ ខេត្តឧត្ដរមានជ័យ មកអនុវត្តន៍នៅក្នុងខេត្តបាត់ដំបង យ៉ាងជំនាញតែម្តង។ ក្នុងនោះលោក យូ ហេង បានឃុបឃិតឲ្យប្រធានការិយាល័យគយតាមច្រកព្រំដែនក្នុងស្រុកសំឡូត ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ធ្វើអ្វីៗតាមអំពើចិត្តហើយមានការបែងចែក ផលប្រយោជន៍យ៉ាងរលូន។
ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក យូ ហេង និងមន្ត្រីគយតាមច្រកព្រំដែនក្នុងខេត្តបាត់ដំបង ខ្លះផង។
បើតាមប្រភពពីសមត្ថកិច្ចពាក់ព័ន្ ធក្នុងខេត្តបាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្នទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកព្រំដែនក្នុងស្រុកសំឡូត ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង បង់ពន្ធត្រឹម៣០ទៅ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺឈ្មួញធំៗឃុបឃិតបែងចែកផលប្រយោជន៍ជាមួយមន្ត្រីគយពុករលួយយ៉ាងរលូន។ លើសនេះទៅទៀតប្រធានការិយាល័យគយ តាមបណ្ដាច្រកព្រំដែនមួយចំនួនហ៊ានឃុបឃិត ជាមួយឈ្មួញកែឯកសារបន្លំប្រភេទ ទំនិញដើម្បីជាថ្នូរ នឹងផលប្រយោជន៍ យ៉ាងគឃ្លើន ព្រោះមានការសម្របសម្រួល ពីសំណាក់លោក យូ ហេង ដែលកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។ បើតាមប្រភពពីមន្ត្រីគយខេត្តបាត់ដំបង ដែលស្និទ្ធនឹងលោក យូ ហេង បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំនៅក្នុង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជានៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបលោក យូ ហេង ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពដែលស្និទ្ធនឹងលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង បានឲ្យដឹងទៀតថា ឈ្មួញធំៗជាច្រើននាក់សម្រុកនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកព្រំដែនក្នុងស្រុកសំឡូត ស្រុកសំពៅលូន ស្រុកកំរៀង និងស្រុកភ្នំព្រឹក កាន់តែច្រើនឡើងៗ។
ទន្ទឹមនឹងនេះមន្ត្រីគយប្រចាំច្រកព្រំដែនទាំងនោះបានគាបសង្កត់យ៉ាងខ្លាំងទៅលើឈ្មួញនិងអាជីវករតូចតាច ក៏ដូចជាប្រជាពលរដ្ឋដែលនាំទំនិញពីទឹកដីសៀមចូលទឹកដីខ្មែរដោយពុំមានការយោគយល់បន្តិចណាឡើយ។ បើតាមការបង្ហើបពីមន្ត្រីគយដែលបម្រើការងារនៅក្នុងខេត្តបាត់ដំបង យូរឆ្នាំបានឲ្យដឹងថា សព្វថ្ងៃនេះលោក យូ ហេង ប្រព្រឹត្តអំពើពុករលួយខ្លាំងជាងកាលលោក ឈុន សុភមង្គល ពេលនៅធ្វើជាប្រធានសាខាគយខេត្តបាត់ដំបង ទៅទៀត។ មិនតែប៉ុណ្ណោះលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង តែងប្រើឈ្មោះលោក គុណ ញឹម អគ្គនាយកគយនិងមេគយធំៗមួយចំនួនមកបិទបាំងទង្វើរបស់ខ្លួន។ នៅមានភាគបន្ត