ពលរដ្ឋរិះគន់ចំៗ ថា អាជ្ញាធរ ក្រុងប៉ោយប៉ែត អសមត្ថភាព បណ្តែត បណ្តោយ ឱ្យជនជាតិចិន លើកយីហោ ជាអក្សរចិន ដោយគ្មានវត្តមាន អក្សរជាតិ យ៉ាងអនាធិបតេយ្យ

 ថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០១៩

ក្រុងប៉ោយប៉ែត ៖ ក្រោម ក្រសែភ្នែក ងឿងឆ្ងល់ និងការគិតដោយ ក្តីបារម្ ភជាពន់ពេក ចំពោះ អត្តសញ្ញាណជាតិ ពីប្រជាពលរដ្ឋ មួយចំនួនក្នុង ក្រុងប៉ោយប៉ែត និងបានរិះគន់ចំៗថា អាជ្ញាធរក្រុងប៉ោយប៉ែត អសមត្ថភាពក្នុងការ គ្រប់គ្រងយីហោ និងស្លាកសញ្ញាផ្សេងៗដោយបណ្តែតបណ្តោយ ឱ្យជនជាតិចិនលើក យីហោជាអក្សរចិនដោយគ្មានវត្តមានអក្សរជាតិយ៉ាងអនាធិបតេយ្យ។ ព្រោះថា សព្វថ្ងៃនេះមានស្លាកយីហោ ផ្ទាំងប៉ាណូ និងស្លាកសញ្ញាសំគាល់ទីតាំងសំណង់ សណ្ឋាគារ កាស៊ីណូ ខុនដូ ផ្សារទំនើប ភោជនីយដ្ឋាន ក្លឹបកម្សាន្ត និងផ្សារតូចៗភាគច្រើនដែលមានម្ចាស់ ឬថៅកែជាជនបរទេស ពិសេសជនជាតិចិន គឺបានលើកយីហោ ស្លាកសញ្ញានៅតាមទីតាំងនីមួយៗ ជាអក្សរបរទេស ឬជាអក្សរចិនធំៗ និងមានស្លាកសញ្ញាខ្លះមានសរសេរអក្សរខ្មែរខ្លះដែរតែមានទំហំតូចជាងអក្សរបរទេស និងមានស្លាកសញ្ញាខ្លះទៀត មិនមានសរសេរអក្សខ្មែរតែម្តង។

ដោយមើលឃើញពីបញ្ហានេះ ប្រជាពលរដ្ឋមួយចំនួនក្នុងក្រុងប៉ោយប៉ែត បានស្នើសុំឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ ពិសេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មេត្តាចុះត្រួតពិនិត្យការប្រើប្រាស់អក្សរខ្មែរ និងអក្សរបរទេស ពិសេសអក្សរចិននៅតាមយីហោ ផ្ទាំងប៉ាណូ និងស្លាកសញ្ញាសំគាល់ផ្សេងៗនៅតាមហាង សំណង់អគារ ឬទីកន្លែងនានាដែលមានថៅកែជាជនបរទេស ពិសេសជនជាតិចិន រួមមានៈ យីហោសម្គាល់ឈ្មោះ កាស៊ីណូ សណ្ឋាគារ ហាង ផ្សារទំនើប ក្លឹបកម្សាន្ត ភោជនីយដ្ឋាន ក្រុមហ៊ុន និងទីតាំងមួយចំនួនទៀត ដែលមានម្ចាស់ជាជនបរទេស ឬជនជាតិចិនស្ថិតក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឱ្យបានត្រឹមត្រូវឡើងវិញ ក្នុងន័យថែរក្សា អភិរក្ស និងលើកស្ទួយអក្សរជាតិ។

ទាក់ទងនឹងការការរិះគន់ខាងលើនេះ " វីរៈ ជាតិ " យើងមិនអាចទាក់ទង លោក សាន ស៊ានហូ អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានទេ ។

សូមរម្លឹកថា នាពេលកន្លងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីជូនដំណឹងផ្ញើជូន អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្តទាំងអស់ស្តីពីការកំណត់ឱ្យប្រើប្រាស់អក្សរខ្មែរ និងអក្សរបរទេសនៅលើផ្ទាំងគំនូរសំណង់ ឬផ្លាកសញ្ញាផ្សព្វផ្សាយនៅតាមការដ្ឋានសំណង់ ដោយគោរពតាមគោលការណ៍ណែនាំដូចខាងក្រោម ÷
១/ អក្សរខ្មែរត្រូវសរសេរឱ្យបានធំជាងអក្សរបរទេស ហើយដាក់នៅជួរខាងលើ។
២ / អក្សរបរទេសអាចសរសេរនៅខាងក្រោម និងមានទំហំពាក់កណ្តាលនៃអក្សរខ្មែរ។
៣ / ការសរសេរអក្សរខ្មែរ ត្រូវអនុវត្តតាមវចនានុក្រម របស់សម្តេចព្រះមហាសុមេធាធិបតីជោតញ្ញាណោ ជួន ណាត។ ដោយ វឌ្ឍនា វីរៈ ជាតិ

cambodia
cambodia
cambodia
cambodia
cambodia








Copyright © 2018-2020 រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ វីរៈជាតិ,
អាសយដ្ឋាន៖ ភូមិ ផ្សារកណ្តាល ឃុំ ផ្សារកណ្តាល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ព័ត៌មានពិត សុក្រឹត ឯករាជ្យ រហ័ស
ការិយាល័យនិពន្ធ E-Mail: info@virakcheatnews.com,
contact@virakcheatnews.com
Tel:0768 9999 24